កម្ពុជា​តវ៉ា​ចំពោះ​ការ​បន្ត​រំ.លោ.ភ​បំពាន​របស់​យោធា​ថៃ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា

 រាជធានី​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា​ សូម​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​ថៃ​លើ​អធិបតេយ្យ និង បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​ ។​​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​។

ប្រភព​បាន​លើក​ឡើង​ថា ​ចន្លោះ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ ​បាន​ធ្វើការ​ជីកដី​លើក​ទំនប់ និង​រាយ​បន្លា​លួស តាម​ទិស​ពី​ជើង​ទៅ​ត្បូង នៃ​បង្គោល​ព្រំដែន​លេខ​១៤ ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមាន
ជ័យ​។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​រំលោភ​ចូល​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​រាយ​បន្លា​លួស នៅ​តំបន់​បង្គោល​ព្រំដែន​លេខ​២២ ស្ថិត​ក្នុងភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

សកម្មភាព​ទាំងនេះ គឺជា​ការ​រំលោភ​យ៉ាង​ច្បាស់​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ដូចដែល​បាន​កំណត់ និង​ខណ្ឌសីមា​តាម​ផែនទី​ខ្នាត ១:២០០.០០០ ផលិត​ដោយ​គណៈកម្មការ កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម ស្រប​តាម​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ ១៩០៧​ ។ សកម្មភាព​ទាំងនេះ ក៏​រំលោភ​បំពាន​ផង​ដែរ លើ​មាត្រា​៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរា​ជាណាចក្រ​ថៃ ស្តី​ពី​ការ​វាស់វែង និង ខណ្ឌសីមា​ព្រំដែន​គោក (MoU ឆ្នាំ​២០០០) ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ ព្រម​ទាំង​បំពាន​លើ​ចំណុច​ទី​២ និង​ចំណុច​ទី​៦ នៃ​រ៉ូ​ម៉ាំង I (​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​) នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ​។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ខ្សែ​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​របស់​ភាគី​ថៃ​នោះ​ឡើយ ហើយ​សកម្មភាព​ខាងលើ​នេះ នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាក់ទង​នឹង​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ​។

រាជរដ្ឋាភិបាល​កម្ពុជា ស្នើ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​សកម្មភាព​ទាំងនេះ ​នៅ​ក្នុង​តំបន់​ដែល​បាន​លើក​ឡើង​ខាង​លើ ក៏​ដូច​ជា​តំបន់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ខុសច្បាប់​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ​តាំងពី​ឆ្នាំ​មុន​មក ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង ជំរុញ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក សម្របសម្រួល​ដល់​ការ​ដោះ ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​រាល់​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិ​ត​ខាង​ទាំងអស់ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​គោល​ការណ៍​របស់​ខ្លួន​ថា បន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​ប្រើ​កម្លាំង​នោះ​ឡើយ​៕




Previous Post Next Post