សង្គ្រាមអ៉ីរ៉ង់ ៖ សង្គ្រាមនៅមជ្ឈឹមបូព៌ាផ្ទុះខ្លាំងឡើងវិញជាថ្មីទៀតហើយ ។ កាលពីថ្ងៃទី៩ កក្កដា អ៉ីរ៉ង់បានតបតវិញចំពោះការវាយប្រហាររបសអាមេរិក ដោយវាយប្រហារលើបណ្ដាប្រទេសសម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ហើយចោទអាមេរិកថា ចង់ធ្វើឲ្យរាំងស្ទះដល់ពិធីបញ្ចុះសពអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោកអាលីខាមេនី ។
ការវាយប្រហារគ្នាខ្លាំងក្លាថ្មីនេះ ជាការវាយប្រហារខ្លាំងបំផុត ចាប់តាំងពីការចុះហត្ថលេខា កាលពីថ្ងៃទី១៧ មិថុនា មកលើពិធីសារនៃកិច្ចព្រមព្រៀងមួយមក ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានគំរាមពីការវាយប្រហារកាន់តែអាក្រក់ ប្រសិនបើអ៉ីរ៉ង់បន្តវាយប្រហារលើបណ្ដានាវាពាណិជ្ជកម្មក្នុងច្រកសមុទ្រហ័រមូស ។ លោកត្រាំថ្លែងម្យ៉ាងទៀតថា បទឈប់បាញ់គ្នាត្រូវបានបញ្ចប់ ហើយបានចាត់ទុកបណ្ដាមេដឹកនាំអ៉ីរ៉ង់ថា សុទ្ធតែជាអ្នកជំងឺដែលលោកមិនចង់ធ្វើការជាមួយឡើយ ។ ទោះបីយ៉ាងណា លោកទុកទ្វារចំហសម្រាប់បន្តការចរចា ។
ពេលដែលអ៊ីស្រាអែលអះអាងថា ត្រៀមខ្លួនវាយប្រហារអ៉ីរ៉ង់ជាលើកទី៣ បើចាំបាច់ នាយប់ថ្ងៃទី៨ មកទី៩ កក្កដា អាមេរិកបន្តវាយប្រហារខ្លាំងក្លាលើអ៉ីរ៉ង់ សំដៅគោលដៅយោធាប្រមាណជា៩០ ។ ប៉ុន្តែអ៉ីរ៉ង់បានចោទប្រកាន់អាមេរិកថា ក៏វាយប្រហារលើបណ្ដាគោលដៅស៊ីវិលផងដែរ ដើម្បីបំភ័យ និងរារាំងប្រជាជនមិនឲ្យលើកគ្នាចូលរួមក្នុងពិធីបញ្ចុះសពលោកអាលីខាតាមី។
ណ្ដាស្ពាននិងខ្សែផ្លូវដែកភ្ជាក់ក្រុងតេហេរ៉ង់ និងក្រុងម៉ាសឆាដកន្លែងដែលសពអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ត្រូវបញ្ចុះ រងការវាយប្រហារ ។ រួចនាល្ងាចថ្ងៃទី៩ កក្កដា ទីតាំងយោធាមួយកន្លែង នៅជិតក្រុង BOUCHEHR ជាទីក្រុងនាភាគនិរតីអ៉ីរ៉ង់មានមជ្ឈមណ្ឌលនុយក្លេអ៊ែរ កំពុងមានសកម្មភាពតែមួយគត់របស់ប្រទេស ក៏រងការវាយប្រហារដែរ ។
ក្រសួងការពារប្រទេសអាមេរិក បានបដិសេធព័ត៌មានដែរថា អាមេរិកនៅវាយប្រហារអ៉ីរ៉ង់រយៈពេលប៉ុន្មានម៉ោងចុងក្រោយ
នេះ ។ តាមអាជ្ញាធរអ៉ីរ៉ង់ថា ការវាយប្រហាររបស់អាមេរិកបណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួស៩៣នាក់ ។ ជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក អ៉ីរ៉ង់បានវាយប្រហារជាថ្មីលើបណ្ដាប្រទេសជិតខាង គឺគុយវ៉ែត និងបារ៉ែន ព្រមទាំងកាតាផងដែរ ។
ស្នូរស៊ីរ៉ែនប្រកាសអាសន្នក៏លាន់ឮដែរនៅហ្ស៊កដានី ដែលនៅទីនោះបណ្ដាមីស៊ីលត្រូវបានស្ទាក់កម្ទេច ។ កងទ័ពអាមេរិកគូសបញ្ជាក់តាមបណ្ដាញសង្គមXថា ការវាយប្រហារថ្មីៗរបស់ខ្លួន សំដៅធ្វើឲ្យចុះខ្សោយថែមទៀត ដល់សមត្ថភាពរបស់អ៉ីរ៉ង់ ក្នុងការរារាំងដល់ការធ្វើចរាចរណ៍ដោយសេរី ក្នុងច្រកសមុទ្រហ័រមូសដោយចោទអ៉ីរ៉ង់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនាពេលថ្មីៗនេះ ប្រឆាំងបណ្ដានាវាពាណិជ្ជកម្មដែលបើកកាត់ច្រកសមុទ្រនោះ។
ជាសញ្ញានៃបរិយាកាសតានតឹង យន្តហោះប្រដេញ១គ្រឿង បានហោះអមការពារយន្តហោះដឹកសពលោកអាលីខាមេនី រហូតដល់ក្រុងម៉ាសឆាដ ។ ម្យ៉ាងទៀត ទោះជាមានការវាយប្រហារថ្មីទាំងនេះ របស់អាមេរិកក៏មិនអាចរារាំងការលើកគ្នារបស់ពលរដ្ឋអ៉ីរ៉ង់ មកចូលរួមក្នុងពិធីបញ្ចុះសពលោកអាលីខាមេនិដែរ ។ កាលពីដើមសប្ដាហ៍ មនុស្សច្រើនលាននាក់បានលើកគ្នាមកកាន់ទីក្រុងតេហេរ៉ង់ និងក្រុងកូមបន្ទាប់មកក្នុងប្រទេសអ៉ីរ៉ាក់ចូលរួមដង្ហែសពលោកអាលីខាមេនី ។ បន្ទាប់ពិធីបុណ្យសព៦ថ្ងៃសពលោកអាលីខាមេនីត្រូវបានបញ្ចុះនៅក្រុងកំណើតម៉ាសឆាដនាថ្ងៃទី៩ កក្កដា ៕
