សម្តេចតេជោ ចាត់ទុកវារីអគ្គិសនីសេសានក្រោម២ ជាប្រភេទឧស្សាហកម្មធុនធ្ងន់ រួមចំណែកពង្រឹងសន្តិសុខថាមពលជាតិ

 (ខេត្តស្ទឹងត្រែង)៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាពផលិតអគ្គិសនីជាង ៤០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង គឺជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការខេត្តស្ទឹងត្រែង សម្តេចតេជោ ក៏បានលើកឡើងថា ខេត្តស្ទឹងត្រែងមានឧស្សាហកម្មធុនធ្ងន់ដ៏សំខាន់មួយ គឺវារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលជាង ៤០០ មេហ្គាវ៉ាត់ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់នានាទូទាំងប្រទេស។

សម្តេចតេជោក៏បានរំលឹកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅខេត្តស្ទឹងត្រែង ដោយមានប្រសាសន៍ថា កាលពីអតីតកាល ពុំមាននរណានឹកស្មានថា ខេត្តនេះនឹងមានស្ពានឆ្លងកាត់ទន្លេសេកុង និងទន្លេមេគង្គនោះទេ។ ប៉ុន្តែបច្ចុប្បន្ន ស្ពានទាំងពីរបានក្លាយជាសមិទ្ធផលដ៏សំខាន់ រួមជាមួយផ្លូវជាតិជាច្រើនខ្សែ ដែលតភ្ជាប់ខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហារ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ជាមួយគ្នានេះ សម្តេចតេជោបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយអភិវឌ្ឍន៍តាមជំហានគីង្គក់ គឺ «យឺត តែមិនថយក្រោយ» ដោយបន្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាព។

សូមបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ វាជាគម្រោងវារីអគ្គិសនីដើរដោយថាមពលទឹកដ៏ធំបំផុតមួយនៅកម្ពុជា ដែលរួមចំណែកពង្រឹងសន្តិសុខថាមពលជាតិ កាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងផ្គត់ផ្គង់ថាមពលបៃតងក្នុងតម្លៃសមរម្យដល់ប្រជាពលរដ្ឋ និងវិស័យផលិតកម្ម។ (ប្រភពផេកក្រសួងព័ត៌មាន)










Previous Post Next Post