ក្នុងពេលចុះទៅខេត្តរតនគិរី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តជំរុញឱ្យអាជ្ញាមូលដ្ឋានត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម និងឡាវ ធ្វើឱ្យព្រំដែននៃប្រទេសទាំងបីនៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់ប្រទេសទាំងបីឲ្យកាន់តែល្អប្រសើរ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខេត្តនៅតំបន់ភូមិភាគឦសាននេះ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ។ ប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ខេត្តរតនគិរីមានព្រំប្រទល់ខាងកើតជាប់ប្រទេសវៀតណាម ហើយខាងជើងជាប់ប្រទេសឡាវ។ ខេត្តនេះ មានច្រកទ្វារព្រំដែនអន្តរជាតិមួយកន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។
ស្ថិតនៅភាគឦសានក៏ពិតមែន ប៉ុន្តែខេត្តនេះមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ន ខេត្តរតនគិរី មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ២៧ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនវៀតណាមចំនួន១៣ ក្រុមហ៊ុនចិនចំនួន៣ក្រុមហ៊ុនសិង្ហបុរី ១ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុក១០ក្រុមហ៊ុន ដែលបានផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណជាង ១ម៉ឺន ៥ពាន់នាក់។
តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន្ត ២០២៥- ២០២៨ ក្រុមការងារ បាន និងកំពុងដំណើរការរៀបចំជំរុញឱ្យវិនិយោគគិនបោះទុនវិនិយោគនៅក្នុងខេត្ត និងប្រែក្លាយក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចដែលអសកម្មឱ្យដំណើរការឡើងវិញ ជាមួយនឹងលក្ខ័ណ្ឌពិសេសពីកម្មវិធី ដើម្បីជាចលករជំរុញសេដ្ឋកិច្ចខេត្ត។
គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្តរតនគិរី មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុងនោះ រោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃផ្លែឈើចំនួន១ និងកែច្នៃដំឡូងមីចំនួន១ ហើយមានកម្មករសរុបចំនួនជាង ១ ៧០០នាក់៕
