សន្និបាតបូកសរុបលទ្ធផលការងារសមាគម “មិត្តដើម្បីមិត្ត”

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ សមាគម មិត្តដើម្បីមិត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ អាណត្តិទី៧ សមាគម “មិត្តដើម្បីមិត្ត” ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយសសមាគម មិត្តដើម្បីមិត្ត ដែលបានប្រារព្ធធ្វើនៅបរិវេណសាលាគរុកោសល្យវិក្រឹត្យការខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលជាមួយ សមាជិកសមាគម មិត្តដើម្បីមិត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ សមាគមមិត្តដើម្បីមិត្ត ពិតជាបានរួមចំណែកជួយដល់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត ក្នុងកិច្ចការសង្គម ជាពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុងសង្គម ដែលជាកត្តាចាំបាច់បំផុត ក្នុងការរក្សាការពារបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជា របស់យើង។
ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា៖ ការបូកសរុបរាល់សមិទ្ធផលការងាររបស់សមាគម ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក បានត្រួតពិនិត្យឡើងវិញនូវរាល់ការបំពេញភារកិច្ចរបស់ខ្លួនដោយផ្ទៀងផ្ទាត់ជាមួយនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម និងលើកទិសដៅការងារសម្រាប់បន្តអនុវត្តនៅឆ្នាំបន្ទាប់ ពិសេសផ្តល់ឱកាសឱ្យសមាគមបានរួមគ្នា ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរទាំងឡាយពីសំណាក់សមាជិកអង្គសន្និបាត សំដៅធ្វើយ៉ាងណាឱ្យសមាគមកាន់តែមានការអភិវឌ្ឍទទួលបាននូវទំនុកចិត្ត និងការគាំទ្រ កាន់តែល្អប្រសើរពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន និងពីសមាជិកសមាជិកានៃសមាគមផ្ទាល់ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល មានសង្ឃឹមថា ចាប់ពីពេលនេះទៅ សមាគមមិត្តដើម្បីមិត្ត ពិតជាយកចិត្តទុកដាក់ពង្រឹងនូវតួនាទីរបស់ខ្លួនបានកាន់តែល្អប្រសើរថែមទៀត ពិសេសយកចិត្តទុកដាក់ ក្នុងការចូលរួមកិច្ចការសង្គមជាបន្តទៅទៀតឱ្យបានច្រើនជាងមុន ដើម្បីជាប្រយោជន៍ដល់ សមាគមផង និងដើម្បីជាប្រយោជន៍ដល់សង្គមជាតិផង។
លោក រស់ លន់ ប្រធានសមាគមមិត្តដើម្បីមិត្ត បានឱ្យដឹងថា៖ សមាគមមិត្តដើម្បីមិត្ត បានចាប់បដិសន្ធិនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦តាមលិខិតអនុញ្ញាតរបស់ក្រសួង មហាផ្ទៃលេខ១២៩៥ សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២៤នេះ សមាគម បានដំណើរការអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ។ នៅក្នុងឆ្នាំទី១ អាណត្តិទី៧នេះ សមាគមមិត្តដើម្បីមិត្តមានសមាជិកសរុបចំនួន៥១៤នាក់ ស្រី ១១៨នាក់។ សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួន គឺចូលរួមពង្រឹង និងពង្រីក សាមគ្គីភាពដ៏ទូលំទូលាយនៅក្នុងសង្គមជាតិ និងចូលរួមថែរក្សាការពារសន្តិភាពនៃប្រទេសជាតិយើង ដោយមិនធ្វើសកម្មភាពបម្រើផលប្រយោជន៏ឱ្យគណបក្សនយោបាយណាមួយឡើយ។